ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

លោក ហ៊ុន ម៉ានី៖ គោលបំណងក្រៅពីបំបែកឯតទគ្គកម្មពិភពលោក ការបត់បេះដូងនេះ គឺបង្ហាញពីការរួមគ្នារបស់ប្រជាជនកម្ពុជា

ដោយ :www.schotnews.com

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការបត់បេះដូចនេះមិនមែនផ្ដោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ អ្វីដែលជាបំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធី ដែលនាំមកនូវប្រជាពលរដ្ឋគ្រប់រួមសាមគ្គីគ្នា។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីការប្រកាសជាផ្លូវការនូវកំណត់ត្រាពិភពលោកថ្មីមួយនេះ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។ ពិធីប្រកាសជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោយពេលដែលភ្នាក់ងារ Guinness World Records និងអ្នកស្ម័គ្រចិត្តចូលរួមចំនួន១៥០រូប បានចំណាយពេល២ថ្ងៃ ក្នុងការរាប់ និងវាយតម្លៃដោយផ្ទាល់នៅទីតាំងបង្ហាញនូវបេះដូងព្រមទាំងមានការចូលរួមពីមហាជន យុវជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាសាក្សីនៃព្រឹត្តិការណ៍ដ៏ពិសេសនេះ។

កំណត់ត្រាថ្មីរបស់កម្ពុជានេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តខេត្តសៀមរាប បន្ទាប់ពីបេះដូងក្រដាសជាច្រើន បានដាក់រៀបចំតុបតែងតាំងបង្ហាញដោយការប្រើចង្កាក់ឬស្សីហើយតម្រៀបចេញជាសួនបេះដូងដែលមានរូបរាងជា «បេះដូង» និងពាក្យថា «ខ្មែរ» និងការដាក់បន្តោងតគ្នាជាមួយគ្រោងដែកដើម្បីរំលេចចេញជារូបភាពនានា ដែលជាអត្តសញ្ញាណខ្មែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា, លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ការបត់បេះដូចនេះមិនមែនផ្ដោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ អ្វីដែលជាបំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធី ដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំមកនូវភាពខុសគ្នា មករួមគ្នា ក្នុងចំនុចដូចគ្នាលះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»។

លោកបានបន្ដថា តាមរយៈចំនួន នៃការចូលរួមហួសពីការរំពឹងទុក ពិតជាបានសបញ្ជាក់ពី «ភាសាបេះដូងសម្រាប់កម្ពុជា» ព្រោះថាការចូលរួមទាំងអស់ ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួនសម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា លើសពីការចូលរួមជាលក្ខណៈបុគ្គលមានស្ថាប័នមួយចំនួន បានយកកម្មវិធីនេះទៅបង្កើតជាយុទ្ធនាការផ្ទាល់ខ្លួន បង្កើតជាកម្មវិធីនៃការប្រកួតប្រជែង បង្កើតជាកម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជា Challenge និងការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផលនានា។ សកម្មភាពទាំងអស់ មានគោលបំណងរួមមួយ គឺបំផុសការបត់ និងប្រមូលបេះដូងដើម្បីជាផ្នែកមួយចូលរួមក្នុងកម្មវិធី «បេះដូងច្រើនជាងគេនៅលើពិភពលោក»។

សូមជម្រាបជូនថា កន្លងមកកម្មវិធីបត់បេះដូង ទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់វ័យ និងស្រទាប់វណ្ណៈ គ្រប់កោសិកានៃសង្គម ដែលនេះជាសក្ខីភាពនៃការបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក៏ដូចជាជ្រួតជ្រាបពីស្មារតី និងគោលដៅរបស់យុទ្ធនាការ #BeyondTheGames ក្នុងការសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា និងគាំទ្រដល់កីឡាករ កីឡាការិនីទាំងអស់ ដែលត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៃសង្គមមកពីទូទាំង២៥រាជធានីខេត្ត ព្រះសង្ឃ សិស្ស និស្សិតពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ មន្ត្រីនៃស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស មន្ត្រីអង្គការសមាគម អតិថិជននៅភោជនីយដ្ឋាន ហាងកាហ្វេ ឬផ្សារទំនើប សរុបចំនួន១៧៧ ស្ថាប័នបានចូលរួមក្នុងកម្មវិធី «បត់បេះដូងច្រើនជាងគេលើពិភពលោក»៕

No comments